ការធានារ៉ាប់រងលើប្រាក់កម្ចី – តើចាំបាច់សម្រាប់អ្នកដែរ ឬទេ?
ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានរួមចំណែកក្នុងការជម្រុញទីផ្សារអចលនទ្រព្យឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើង។ នេះគឺជាមូលហេតុដែលបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមទិញផ្ទះ និងអចលនទ្រព្យលើកដំបូងរបស់ខ្លួន។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ការស្នើសុំប្រាក់កម្ចីសម្រាប់ទិញផ្ទះ ឬអចលនទ្រព្យគឺជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងជីវិត។ អាស្រ័យទៅតាមប្រភេទនៃប្រាក់កម្ចី មនុស្សមួយចំនួនអាចនឹងត្រូវជាប់កាតព្វកិច្ចបង់រំលស់រហូតដល់រយៈពេល ៣០ឆ្នាំលើកម្ចីសម្រាប់អចលនទ្រព្យរបស់ខ្លួន។ តើនឹងមានអ្វីកើតឡើងចំពោះផ្ទះសម្បែង ឬអចលនទ្រព្យរបស់ពួកគាត់ ប្រសិនបើពួកគាត់ជួបប្រទះគ្រោះអកុសលដែលបណ្តាលឱ្យពួកគាត់ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍? សមាជិកក្នុងក្រុមគ្រួសាររបស់ពួកគាត់នឹងត្រូវមានកាតព្វកិច្ចរ៉ាប់រងលើការសងរំលស់នូវកម្ចីទាំងនោះ បើមិនដូច្នេះទេ ពួកគាត់នឹងត្រូវប្រឈមមុខនឹងការរឹបអូសនូវអចលនទ្រព្យក្រោមកម្ចីនោះ។ កត្តាទាំងនេះហើយដែលបណ្តាលឱ្យមានការបង្កើតឡើងនូវការធានារ៉ាប់រងលើប្រាក់កម្ចី។
តើការធានារ៉ាប់រងលើប្រាក់កម្ចីគឺជាអ្វី?
ការធានារ៉ាប់រងលើប្រាក់កម្ចី គឺជាប្រភេទនៃការធានារ៉ាប់រងដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យលោកអ្នកនូវការការពារផ្នែកហិរញ្ញវត្ថុ ទៅលើប្រាក់កម្ចីរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកជួបគ្រោះអកុសលបណ្តាលឱ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយក្រុមហ៊ុនធានារ៉ាប់រងនឹងរ៉ាប់រងក្នុងការសងបំណុលរបស់ក្រុមគ្រួសារលោកអ្នក។ ការធានារ៉ាប់រងលើប្រាក់កម្ចីមានច្រើនប្រភេទដែលផ្តល់នូវការការពារ និងអត្ថប្រយោជន៍ផ្សេងៗគ្នាអាស្រ័យទៅតាមក្រុមហ៊ុនដែលផ្តល់នូវការធានារ៉ាប់រង ប៉ុន្តែជាទូទៅមានការធានារ៉ាប់រងពីរប្រភេទសម្រាប់ជ្រើសរើសគឺប្រភេទថេរ និងប្រភេទថយចុះ។
- ប្រភេទថេរ សំដៅលើការធានារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រងថេរពេញមួយរយៈពេលនៃប្រាក់កម្ចីរបស់លោកអ្នក។ ប្រសិនបើអត្ថប្រយោជន៍ធានារ៉ាប់រងរបស់លោកអ្នកច្រើនជាងសមតុល្យនៃប្រាក់កម្ចីដែលត្រូវបង់ នៅពេលលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះចំនួនទឹកប្រាក់ដែលលើសនឹងត្រូវផ្តល់ជូនដល់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នក។
- ប្រភេទថយចុះ សំដៅទៅលើការធានារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រងថយចុះទៅតាមរយៈពេលនៃប្រាក់កម្ចី សមាមាត្រទៅនឹងសមតុល្យនៃប្រាក់កម្ចីដែលនៅបង់របស់លោកអ្នក ដោយសារប្រាក់ដើមត្រូវបានបង់រំលោះសងពីគ្រាមួយទៅគ្រាមួយ។ ជាទូទៅ ការធានារ៉ាប់រងប្រភេទថយចុះគឺមានតម្លៃទាបជាងការធានារ៉ាប់រងប្រភេទថេរ (ករណីចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង និងរយៈពេលនៃប្រាក់កម្ចីដូចគ្នា)។
លក្ខខណ្ឌក្នុងការស្នើសុំធានារ៉ាប់រង និងថ្លៃចំណាយ
លក្ខខណ្ឌទទួលការធានាពីក្រុមហ៊ុនធានារ៉ាប់រង និងចំនួនបុព្វលាភធានារ៉ាប់រង (តម្លៃដែលត្រូវបង់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ការធានា) សម្រាប់ការធានារ៉ាប់រងលើប្រាក់កម្ចីគឺអាស្រ័យលើកត្តាជាច្រើនរួមមានដូចជាអាយុ ភេទ អត្រាការប្រាក់នៃប្រាក់កម្ចី ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង រយៈពេលនៃកម្ចី និងលក្ខខណ្ឌស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង។ ជាទូទៅ អាយុកាន់តែតិច ចំនួនបុព្វលាភធានារ៉ាប់រងកាន់តែទាប។
តើការធានារ៉ាប់រងលើប្រាក់កម្ចីចាំបាច់ទេសម្រាប់អ្នក?
ចំពោះសំណួរថា “តើការធានារ៉ាប់រងលើប្រាក់កម្ចីចាំចាច់ទេសម្រាប់អ្នក” គឺអាស្រ័យលើតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភថាផ្ទះសម្បែង ឬអចលនទ្រព្យរបស់លោកអ្នកអាចនឹងត្រូវរឹបអូសដោយស្ថាប័នផ្តល់ប្រាក់កម្ចី ក្នុងករណីលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះការធានារ៉ាប់រងលើប្រាក់កម្ចីអាចជាជម្រើសដ៏ល្អមួយដើម្បីផ្តល់ឱ្យលោកអ្នក និងមនុស្សជាទីស្រលាញ់របស់លោកអ្នកនូវសន្តិភាពផ្លូវចិត្ត។ វាក៏អាចជាជម្រើសដ៏សក្តិសមមួយសម្រាប់ការពារហិរញ្ញវត្ថុរយៈពេលវែងរបស់ក្រុមគ្រួសារលោកអ្នកផងដែរ ចៀសជាងការបង់រំលស់លើប្រាក់កម្ចី ដោយគ្មានការធានារ៉ាប់រង។
យើងអាចធ្វើជាមនុស្សដែលមានទំនួលខុសត្រូវ ដោយកាត់បន្ថយនូវហានិភ័យហិរញ្ញវត្ថុរបស់យើងតាមរយៈធានារ៉ាប់រង និងបន្សល់ទុកនូវសេចក្តីស្រឡាញ់សម្រាប់ក្រុមគ្រួសារ មិនមែនបន្សល់ទុកនូវបំណុលឡើយ!
ប្រសិនបើលោកអ្នកយល់ថាការធានារ៉ាប់រងលើប្រាក់កម្ចីគឺជាអ្វីដែលអ្នកត្រូវការ ឬប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការធានារ៉ាប់រងប្រភេទនេះ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ!